បុរស​សង្ហារ​នៅ​បណ្ណាល័យ

នៅ​ពី​មុខ​ខ្ញុំ​មាន​ប្រុស​ស្អាត​ម្នាក់​កំពុង​អង្គុយ​អាន​សៀវភៅ ហើយ​ខ្ញុំ​កំពុង​អាន​សៀវភៅ​នៅ​ក្បែរ​គេ​ដូចគ្នា ។ គេ​ធ្វើ​ហាក់​មិន​ចាប់​អារម្មណ៍​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​លួច​មើល​គេ​នោះទេ ។ ដៃគេ​កំពុង​សរសេរ​អ្វី​ម្យ៉ាង​ ញាប់​ស្អេកឥត​ដក​សោះ ។ ខ្ញុំ​ដៀង​មើល​ក្រដាស​នោះ​បន្ដិច​ទើប​ដឹង​ថា​វា​ជា​ក្រដាស​លំហាត់​វេយ្យាករណ៍ភាសា​អង់គ្លេស ។ គេ​បើក​ទំព័រ​មួយទៀត ហើយ​លិត​មាត់​បន្តិច រួច​ដាក់​ប៊ិច​ចុះ​អាន​សំណេរ​នោះ រួច​ក៏​បន្ត​សរសេរ​គូស​វាស​នៅ​លើ​ទំព័រ​ថ្មី​នោះ​សារ​ជា​ថ្មី ។ ម្តង​គេ​បើក​សៀវភៅ​សរសេរ​របស់​គេ​សរសេរ​អ្វី​កំណត់​ចំណាំ​អ្វី​មួយ រួច​ត្រលប់​ងាក​រក​ក្រដាស​នោះ​សារ​ជា​ថ្មិ ។ មិន​មែន​ភាព​សង្ហារ​របស់​គេ​នោះ​ទេ ដែល​ទាក់​ទាញ​កែវ​ភ្នែក​របស់​ខ្ញុំឲ្យ​ទៅ​មើល​គេនោះ ប៉ុន្ដែ​គឺ​គេ​ហាក់​ដូច​ជា​អ្នក​ខំ​រៀន​ណាស់ បែប​នេះឯង​ដែល​ខ្ញុំ​ចូល​ចិត្ត ។ ខ្ញុំ​រាង​ពិបាក​ក្នុង​ចិត្ត​ណាស់ ព្រោះ​អង្គុយ​ក្បែរ​គ្នា​ពេក​ដូច្នេះ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​គេ​ខ្លាំង បើ​ងាក​មើល​គេ​ពេក ខ្លាច​គេ​សង្ស័យ​ថា ខ្ញុំ​ចាប់​អារម្មណ៍គេ ហើយគេ​ម៉ៃ​ថា​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ស្រលាញ់​ភេទ​ដូចគ្នា ។

ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍ភ័យ​ខ្លាច​ថា​គេ​នឹង​ដឹង​ថា​ខ្ញុំ​កំពុង​លួច​មើល​គេ ។ តែ​អង្គុយ​ជិត​គេ​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ៗបែប​និយាយ​មិន​ត្រូវ បែប​ប្រហែល​មក​ពី​ខ្ញុំ​ធំ​ក្លិន​ស្ព្រៃយ៍ក្រអូប​បាញ់​ខ្លួន​របស់គេ​នោះហើយមើលទៅ ។ ខ្ញុំ​ចូល​ចិត្ត​ទឹក​បាញ់​ខ្លួន​ប្រភេទ​ដែល​មាន​ក្លិន​ស្រាល ហើយ​មិន​ក្រអូប​ខ្លាំង​ពេក ហើយ​ចៃដន្យ​អីគេ​ប្រើ​ប្រាស់​ប្រភេទ​ទឹក​បាញ់​ខ្លួន​ដែល​ខ្ញុំ​ចូលចិត្ត ។ គេ​មូរ​ដៃអាវ តែ​អត់​មាន​ប្រឡេះ​ឡេវ​ទ្រូង​អីទេ យ៉ាង​ណា​ក៏ដោយ សាច់​អាវ​របស់​គេ​រាង​ស្ដើង មើ​ល​ឃើញ​រាង​អាវ​​ក្ងាន​វៀល​ក្លៀក​នៅ​ខាង​ក្នុង (សម្រាប់​ខ្ញុំ​បុរស​ដែល​ពាក់​អាវ​ក្នុង​ប្រភេទ​នេះ គួរ​ឲ្យ​ទាក់​ទាញ​ណាស់) គេ​មាន​ទ្រូង​ទូលាយហាប់ណែនល្អណាស់ ។ ជួនកាល​គេ​ងើប​ទៅ​រក​ឯកសារ​ផ្សេងទៀត នៅ​ធ្នើដាក់​សៀវភៅ ខ្ញុំ​លួច​មើល​ដំណើរ​គេ​ពីក្រោយ យ៉ាង​ភ្លឹក​ ។ គេ​មាន​រូប​រាង​សង្ហារ​ណាស់ ដំណើរ​ប្រកប​ដោយ​ភាព​ស្វាហាប់ ។ នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​ខ្ញុំ​ និង​គេ​អង្គុយ​ក្បែរ​គ្នាបែបនេះ ។ ខ្ញុំ​មិន​មែន​ជា​អ្នក​សិក្សា​អីទៀតទេ ព្រោះ​ខ្ញុំ​មាន​ការងារ​ធ្វើហើយ ទើប​តែ​រៀន​ចប់ ហើយ​ក៏​ទើប​តែ​ចាប់​ផ្ដើម​ធ្វើការដែរ ។​ គាប់​ជួន​អី​ថ្ងៃច័ន្ទ សប្ដាហ៍​មុន​ខ្ញុំ​អផ្សុក ដោយ​ជិះ​កាត់​បណ្ណាល័យ​ជាតិ​ស្រាប់​ផង ខ្ញុំ​ក៏​ចូល​អាន​សៀវភៅ​លេង ហើយ​ក៏​បាន​ជួប​កម្លោះនេះ ។ ខ្ញុំ​មក​ទីនេះ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃសុក្រ ដោយ​សារ​កត្តា​ការងារ​អនុញ្ញាត្តិ​ឲ្យ​ខ្ញុំ​ទំនេរ​តែ​ពីរ​ថ្ងៃនេះ ហើយ​រាល់​លើក​ដែល​ខ្ញុំ​មក​ គឺ​ខ្ញុំ​តែង​បាន​ជួប​គេ​ជានិច្ច ។ អរគុណ​ព្រះ​ជាម្ចាស់​ដែល​តែង​តែ​មាន​កៅ​អី​ទំនេរ​នៅ​ជាប់​គេ​ជានិច្ច ។ ហេតុ​តែ​ស្រលាញ់​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​បណ្ណាល័យ​យ៉ាង​ញឹក​ញាប់​បែបនេះ ។

ខ្ញុំ​មិន​ដឹង​ថា​ថ្ងៃណា ខែណាទេ ទើប​ខ្ញុំ​ហ៊ាន​និយាយ​រក​គេ​ទេ ។ ចាំ​មើល​ពីរបី​ដងទៀតសិន សឹម​និយាយ​រក​គេ ព្រោះហោច​ណាស់​ខ្ញុំ​ក៏​មាន​ហេតុ​ផលថា បាន​ជួបគេ​ជា​ច្រើន​ដង​ហើយ គួរ​តែសុំ​ស្គាល់​គ្នា​រាប់​អាន ។ ចុះ​អ្នក​អាន​គិត​ថា​ ហេតុ​ផល​បែប​នេះ​ល្អទេ? លោ​គេ​មិន​និយាយ​រក​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ដូច​ខ្ញុំ​ទៅ? ខ្ញុំ​ខ្លាច​ផង អៀន​ផង ហើយ​ក៏​ទន្ទឹង​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​ឲ្យ​បាន​ស្គាល់​គេ​ផង​ដែរ ។ ហើយ​ប្រសិន​បើ​គេ​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូច​គ្នា​ដែរនោះ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​បាន​ ៧​វត្ត​តែ​ម្ដង ។ ខ្ញុំ​ចង់​បាន​គេ​ធ្វើ​ជា​សង្សារ​ខ្លាំង​ណាស់ ប្រុស​ស្អាត​អ្នក​សិក្សា​អើយ!